ការឈ្លានពានរបស់សៀមលើកដំបូង
បន្ទាប់ពីព្រះបាទសម្ដេចមហាបពិត្រធម្មិករាជាធិរាជ ឬតាត្រសក់ផ្អែមសុគត បុត្ររបស់ព្រះអង្គព្រះនាម និព្វានបទ ឡើងសោយរាជ្យបន្តពីព្រះអង្គ ។ ក្នុងរាជ្យរបស់ព្រះបាទនិព្វានបទ បានទទួលសុខសន្តិភាពជាមួយនឹងប្រទេសជិតខាង តែព្រះអង្គសោយរាជ្យបានតែ៥ឆ្នាំ ក៏សុគតទៅ គឺនៅឆ្នាំ១៣៤៦ ។
ព្រះអនុជរបស់ព្រះបាទនិព្វានបទ ព្រះនាមសម្ដេចព្រះសិទ្ធានរាជា ឡើងគ្រងរាជ្យសម្បត្តិបន្ត តែបានចូលទិវង្គត៦ខែក្រោយ ទាំងមិនទាន់បានទទួលអភិសេក ។
តមក នៅឆ្នាំ ១៣៤៧ គេក៏តែងតាំង ព្រះស្រីលំពង្សរាជា ដែលត្រូវជារាជបុត្រច្បងរបស់ព្រះនិព្វានបទឲ្យសោយរាជ្យបន្ត ដោយមានព្រះនាមថា ព្រះរាជឱង្ការព្រះលំពង្សរាជាធិរាជ និងតាំងព្រះរាជបុត្រប្អូនព្រះនាមថា ព្រះសុរិយោទ័យ ឲ្យធ្វើជាឧបរាជ ។
សម័យនោះ ប្រទេសសៀមដែលធ្លាប់តែចំណុះខ្មែរ ទទួលបានឯករាជ្យ ។ ពង្សាវតារខ្មែរថាសៀមបានសេរីភាពពីខ្មែរតាំងពីព្រះបាទ បទុមសុរិយោវង្ស ។ លោក អាដេម៉ារ ឡឺក្លែរ យល់ថា ព្រះបាទបទុមសុរិយោវង្ស (ពង្សាវតារសរសេរ បទុមសូរ្យវង្ស) ជាព្រះបាទសុរិយាវរ្ម័នទី២ ដែលគ្រងរាជ្យក្នុងឆ្នាំ ១១៦២ នោះហើយ ។ តាមកំណត់ត្រារបស់លោក ជីវតាក្វាន់ ដែលចុះបេសកកម្មមកដល់ប្រទេសកម្ពុជាឆ្នាំ ១២៩៦ ខ្មែរមានប្រើប្រាស់សំពត់សូត្ររបស់ចាម្ប៉ា និងសៀម ថ្វីបើខ្មែរចេះត្បាញខ្លួនឯងខ្លះក៏ដោយ និងចាត់ថាសូត្រដែលមកពីសៀមជាសូត្រល្អទៀតផង ។ ម្យ៉ាងទៀត សៀមដែលចូលមករស់នៅក្នុងប្រទេសខ្មែរ ភាគច្រើនប្រកបរបរត្បាញ និងចេះចិញ្ចឹមកូននាងយកសូត្រមកប្រើផង នៅពេលដែលសំពត់របស់ខ្មែរដាច ខ្មែរតែងតែទៅពឹងស្រីសៀមឲ្យប៉ះ ឬជួសជុលឲ្យ ។ នេះបញ្ជាក់ថា ប្រទេសសៀមប្រហែលជាបានទទួលឯករាជ្យពីកម្ពុជាក្នុងពេលមុនពេលដែល ជីវតាក្វាន់ បានមកដល់ ប្រហែលក្នុងរជ្ជកាលព្រះបាទ យសោវរ្ម័នទី២ ដូចអាដេម៉ារ ឡឺក្លែរ សន្និដ្ឋានខាងលើ ។
ពង្សាវតារបានបញ្ជាក់ថា ព្រះបាទបទុមសូរិយោវង្ស ទ្រង់យល់ឃើញថា ពញារោងនោះជាសម្ដេចព្រះជេដ្ឋាផ្ទាល់នៃព្រះអង្គ ព្រះអង្គក៏លើកប្រទេសចំណុះនោះឲ្យឡើងជាប្រទេសឯករាជ្យមួយ និងមានទីក្រុងឈ្មោះ សុខោទ័យ ។ ក្នុងគ្រានោះ ពញារោង មានបុណ្យ មានអំណាចណាស់ ព្រះអង្គបានប្រាបប្រាមស្រុកជិតឆ្ងាយទាំងនោះឲ្យចុះចូលក្នុងអំណាចរបស់ព្រះអង្គ ។ ព្រះអ្គលើកស្រុក សុខោទ័យឡើងជានរគរធំ ជាប្រទេសឯករាជ្យមួយ ។ ព្រះរាជវង្សរបស់ព្រះអង្គបានសោយរាជ្យរៀងមកជាច្រើនតំណ ។
ព្រះឧទង ព្រះចៅរាមាធិបតី ក្រុងស្រីអយុធ្យា ខ្ញាល់នឹងព្រះមហានគរ “ប្រទេសកម្ពុជា” ដែលមិនព្រមចំណុះ ។ ស្ដេចនេះមានមហិច្ឆតាពង្រីកទឹកដី ក៏បានចាត់រៀបចំទ័ពជា២កង មួយកងមានពល ៥០០០នាក់ គ្រប់គ្រងដោយព្រះរាជនត្តា ស៊ីសាវ៉ាត់ (ពង្សាវតារសរសេរ ស៊ីសុបត្តិ) និងមួយកងទៀតមានចំនួន ១០.០០០នាក់ នៅក្រោមបញ្ជារបស់ព្រះរាជបុត្ររាមាសួន (វង្សាវតារសរសេរ រាមាសូរ តែប្រហែលជារាមាសួន) ។ ទ្រង់បានបញ្ជាឲ្យធ្វើដំណើរទាំងយប់ ទាំងថ្ងៃមកវាយយកមហានគរខ្មែរ ។
ចៅពញានគររាជសីមា មិនបានដឹងមុន នឹងគិតកេណ្ឌទ័ពក៏ពុំទាន់ ក៏នាំគ្នាដកថយគេចចេញជាមួយគ្រួសារ ហើយបានចាត់អ្នកនាំសារឲ្យនាំដំណឹងនេះមកថ្វាយព្រះរាជាដែលគង់នៅឥន្ទបុរី ។ ពេលដំណឹងនេះបានមកដល់ក្នុងវេលាថ្ងៃត្រង់ ព្រះលំពង្សរាជា បានបញ្ជាឲ្យព្រះអនុជ សុរិយោទ័យ ជាព្រះឧបរាជកេណ្ឌទ័ព២ម៉ឺននាក់ ហើយចេញតទល់ជាមួយទ័ពសៀម ។ ចាត់ចែងកិច្ចការនេះស្រេចហើយ ព្រះអង្គងាកមកពិភាក្សាជាមួយព្រះរាជវង្សានុវង្ស សេនាបតី មន្ត្រីទាំងពួង ដោយលើកសំណួរឡើងថា “ព្រះរាជាណាចក្ររបស់យើង មានសុខសន្តិភាពជាយូរមកហើយ ហើយយើងមិនដែលមានហ្វឹកហាត់កងទ័ពទេ ស្រាប់តែឥឡូវ ពួកសៀមលើកទ័ពមកវាយយើងយ៉ាងនេះ តើអស់លោកយល់ថាដូចម្ដេច?” ។
មហាឧបរាជបានឆ្លើយថា “ទ័ពសៀមប្រាកដជាមានការនឿយហត់ដោយត្រូវធ្វើដំណើរទាំងយប់ ទាំងថ្ងៃចាប់ពីទល់ដែនមក ព្រោះចង់មកដល់ឆាប់នឹងអាលវាយយើង ទាំងយើងមិនបានដឹងខ្លួន ។ ពួកនេះប្រមាថមើលងាយខ្មែរ គិតថាយើងមិនចេះធ្វើចម្បាំង ហើយជឿថាយើងមិនចេះការពារខ្លួនទេ ។ ចំណែកទ័ពរបស់យើង ថ្វីបើថាមិនធ្លាប់បានហ្វឹកហ្វឺនមែនពិត តែជាទ័ពថ្មី មិនទាន់អស់កម្លាំង ហើយមានចេតនាចង់ប្រយុទ្ធ ទូលបង្គំជាខ្ញុំ សុំយកអាសាចេញទៅទប់ទល់នឹងទ័ពសៀមឲ្យបានឆ្ងាយពីរាជធានីបន្តិច ត្រង់កន្លែងដែលពួកនេះកំពុងបោះទ័ព ។”
ព្រះលំពង្សរាជាបានព្រមតាមសំណើ ព្រះឧបរាជក៏យាងដំណើរទៅទាំងយប់ ដោយលើកទ័ពប្រាំម៉ឺននាក់ មានទ័ពសេះ ទ័ពដំរី និងថ្មើរជើងចេញទៅ ។ ទ័ពសៀមគិតមិនដល់ថាខ្មែរវាយមុន ក៏ត្រូវបរាជ័យ ព្រះអង្គម្ចាស់ស៊ីសាវ៉ាត់ក៏សុគតនៅពេលនោះទៅ ។ ចំណែកទ័ពរបស់រាមាសួន ក៏ត្រូវទ័ពខ្មែរដេញរត់ដកថយទៅវិញដែរ ។ ទ័ពខ្មែរត្រឡប់មកឥន្ទបត្តវិញ ដោយប្រមូលបានជ័យភណ្ឌ និងឈ្លើយសឹកមកជាមួយ ។
ព្រះបាទឧទងទទួលដំណឹងបរាជ័យ ហើយព្រះស៊ីសាវ៉ាត់សុគតទៀត ទ្រង់ខ្ញាល់យ៉ាងខ្លាំង ក៏បញ្ជាឲ្យកេណ្ឌទ័ពជាច្រើនថែមទៀត ដោយចែកជាបីក្រុម និងឲ្យបុត្រទាំងបីរបស់ព្រះរាមាសួនគ្រប់គ្រង ។
នៅខាងទឹកដីរបស់ខ្មែរឯណេះវិញ គិតថា បរាជ័យរបស់សៀមលើកនេះ មិនអនុញ្ញាតឲ្យសៀមវិលត្រឡប់មកធ្វើសង្គ្រាមវិញឡើយ ក៏បញ្ជាឲ្យរំសាយកងទ័ព ទុកតែទ័ពរក្សាព្រះអង្គប៉ុណ្ណោះ ។ ដល់ពេលសៀមលើកចូលមកម្ដងទៀត ទ្រង់បញ្ជាឲ្យកេណ្ឌទ័ពឡើងវិញដែរ តែព្រះរាជបញ្ជារំសាយទ័ពទើបផ្សព្វផ្សាយមិនទាន់ផុតផង ម្ល៉ោះហើយក៏គ្មានកម្លាំងទប់ទល់ទ័ពសៀមដែលមានចំនួនច្រើនលើសលប់ ។ ទ្រង់សម្រេចឲ្យទប់ទល់តែក្នុងបរិវេណព្រះរាជធានីសិន ទម្រាំចាត់កម្លាំងឲ្យចេញកេណ្ឌទាហានបានបន្ថែម ។ អ្នកស្រុកដែលរស់នៅជិតរាជធានីឥន្ទ្របត្ត បានរត់ចូលមកជ្រកកោណក្នុងរាជធានីដែលមានកម្លាំងការពារយ៉ាងរឹងមាំ ។
ក្រោយពីការប្រជុំ និងឃើញថាទ័ពសៀមមានចំនួនលើសមុនរហូត១០ដង មិនមានកម្លាំងអាចទប់ទល់បាន ព្រះអង្គក៏ចាត់ព្រះភាគិនេយ្យរបស់ព្រះអង្គ ព្រះស្រីសុរិយោវង្ស ដែលជាបុត្ររបស់ព្រះសុគន្ធបទ និងជាព្រះរាជនត្តារបស់ព្រះនិព្វានបទ ឲ្យយាងចេញទៅកេណ្ឌទ័ពនៅតាមបណ្ដាខែត្រមកជួយរាជធានី ។
រយៈពេលបីថ្ងៃក្រោយ ទ័ពសៀមមកបង្ហាញខ្លួននៅរាជធានី ហើយចាប់ផ្ដើមធ្វើការវាយប្រហារ ។ ព្រះរាមាសួនរាយទ័ពពីខាងជើង ចៅបាសាធនៅពីខាងកើត ចៅបាអាតនៅពីខាងត្បូង និងចៅកំបង់ពិសី នៅពីខាងលិច ។ ទ័ពសៀម បានសាកល្បងវាយជាច្រើនលើក តែឥតប្រយោជន៍ ព្រោះកំពែងរាជធានីរឹងមាំ មានគូទឹកធំ និងជ្រៅ ព័ទ្ធជុំវិញ ចំណុចត្រង់ណាមានស្ពានសុទ្ធតែមានទាហានការពារម៉ឺងម៉ាត់ និងយាមកាមតាមជញ្ជាំងកំពែងទាំងថ្ងៃទាំងយប់ទៀតផង ។
ព្រះចៅក្រុងកម្ពុជាដែលពោរពេញទៅដោយសេចក្ដីក្លាហាន បានដឹកនាំទ័ពផ្ទាល់ព្រះអង្គ ចេញវាយទ័ពសៀម ។ ការប្រយុទ្ធបង្ហូរឈាម បានប្រព្រឹត្តទៅយ៉ាងសាហាវ ប៉ុន្តែមិនមានទ័ពណាមានជ័យជម្នះលើទ័ពណាទេ ព្រះលំពង្សរាជាក៏យាងចូលក្នុងរាជធានីវិញនៅពេលល្ងាច ។
ប៉ុន្មានថ្ងៃក្រោយមក ព្រះរាមាសួន បានចាត់ឲ្យកសាងប្រាង្គខ្ពស់ៗជាច្រើន ប្រហាក់ប្រហែលនឹងកម្ពស់កំពុងអង្គរធំដែរ ដើម្បីងាយស្រួលក្នុងការបាញ់កាំភ្លើង ចូលក្នុងរាជធានី និងដើម្បីចៀសវាងការខូចខាត ។
ទ័ពខ្មែរ និងសៀមច្បាំងគ្នារបៀបនេះអស់ពេល ៤ខែ ចាប់ពីខែធ្នូ ឆ្នាំ១៣៥២ រហូតដល់ចុងខែមីនា ១៣៥៣ តែគ្មាននរណាឈ្នះទេ ។ ពេលនោះ ព្រះលំពង្សរាជា បានផ្ញើរាជសារមួយច្បាប់ឲ្យទៅឧត្ដមសេនីយ៍សៀម សួរថា “កម្ពុជាជាមហាអាណាចក្រមួយធំ ឯសៀមគ្រាន់តែនគរចំណុះកម្ពុជាប៉ុណ្ណោះ ។ សៀមបានឯករាជ្យ យើងក៏មិនចង់រំខាន ព្រោះមិនចង់មានសត្រូវ ។ តើហេតុអ្វីក៏សៀមបញ្ជូនទ័ពមកវាយកម្ពុជា សូមប្រាប់ឲ្យយើងដឹងអំពីមូលហេតុផង” ។
ឧត្ដមសេនីយ៍សៀមឆ្លើយតបមកវិញថា បើកម្ពុជាយល់ព្រមទទួលស្គាល់អធិរាជភាពរបស់ស្ដេចសៀមនោះ គេនឹងដកទ័ពថយទៅវិញទាំងអស់ ។
ព្រះរាជាខ្មែរបានឆ្លើយតបទៅវិញថា ទ្រង់សុខចិត្តស្លាប់ ជាជាងចុះចូល ដែលនឹងធ្វើឲ្យយើងបាត់បង់អស់នូវកិត្តិនាម ខ្មាសប្រជានុរាស្ត្រ ។ ទ្រង់ក៏យាងចេញត្រួតពលផ្ទាល់ព្រះអង្គ ហើយប្រកាសថា នឹងទប់ទល់រហូតដល់ទីបញ្ចប់ ។ ចំណែកឯកងទ័ពសៀមវិញ ក៏បានបង្កើនការប្រហារព្រមទាំងបានខិតខំពង្រឹងការការពារផងដែរ ។
រដូវវស្សាមកដល់ មេទ័ពសៀមបានផ្ញើសារទៅថ្វាយស្ដេចគេ ទូលថា បើចង់ដណ្ដើមយកកម្ពុជា ត្រូវចាប់វាយសង្គ្រុបខ្លាំងឥឡូវនេះ ឲ្យបានមុនពេលដែលទ័ពជំនួយពីខែត្រមកដល់ ។ ស្ដេចសៀមឯកភាពនឹងសំណើរនេះ ក៏កេណ្ឌទ័ពបន្ថែម ហើយលើកមកផ្ទាល់ព្រះអង្គ រហូតដល់ជើងកំពែងឥន្ទបត្តបុរីតែម្ដងនៅចុងរដូវវស្សា ។
ពេលនោះ ព្រះអង្គម្ចាស់ ស្រីសុរិយោវង្ស ដែលចេញកេណ្ឌទ័ពអស់ពេល ៨ខែហើយ បាននាំទ័ពមួយកងចូលទៅជិតទ័ពសៀមពេកដោយមិនដឹងខ្លួន ក៏ត្រូវទ័ពសៀមវាយមកលើក្នុងពេលដែលដកថយផង ធ្វើឲ្យព្រះអង្គបរាជ័យ ទ័ពទាំងឡាយក៏បែកខ្ញែកគ្នាអស់ទៅ ។ ព្រះស្រីសុរយោវង្សខ្លួនព្រះអង្គ បានគេចទៅគង់នៅស្រុកលាវ ក្នុងក្រុងស៊ីសុទ្ទនាកាណាហ៊ុត (ប្រហែលជាហ្លួងប្រាបាង ឬវៀងចន្ទន៍) ប្រហែលដើម្បីបំផុលអន្តរាគមន៍ពីខាងឦសានមកវិញ ។
នៅពេលដែលព្រះស្រីសុរិយោវង្សយាងទៅដល់ប្រទេសលាវ ទ័ពឯទៀតៗដែលព្រះអង្គ កេណ្ឌបាន បានធ្វើដំណើរមកដល់រាជធានី ហើយទទួលដំណឹងអំពីបរាជ័យ និងការបាត់ខ្លួនរបស់ព្រះអង្គ ធ្វើឲ្យពួកគេអស់សង្ឃឹមជាខ្លាំង ។ ឆ្លៀតឱកាសនោះ ពួកសៀមក៏បើកការប្រយុទ្ធមកលើ ធ្វើឲ្យទ័ពបែកខ្ញែក រត់ទៅស្រុកវិញអស់ទៅ ។
ឃើញទ័ពខ្មែរបែកខ្ញែកដូច្នេះ ស្ដេចសៀមបានបញ្ជាឲ្យបើកការប្រយុទ្ធទៅលើរាជធានី ប៉ុន្តែ ត្រូវបាត់បង់ទ័ពជាច្រើន និងត្រូវរុញច្រានថយទៅវិញ ។ សៀមនៅបន្តហ៊ុមព័ទ្ធរាជធានីប្រហែលជាមួយឆ្នាំទៀត ប៉ុន្តែនៅតែដណ្ដើមមិនបាន គ្រាន់តែប្រមូលបាននូវជ័យភណ្ឌផ្សេងៗតាមខែត្រជិតខាងរាជធានីប៉ុណ្ណោះ ។
ពេលនោះ ព្រះស្រីលំពង្សរាជាធិរាជ ក៏ប្រឈួន រហូតដល់សុគតក្នុងឆ្នាំ ១៣៥៣ ។
ព្រះឧបរាជស្រីសុរិយោទ័យ ជាព្រះអនុជរបស់ព្រះរាជា ទ្រង់បានរៀបចំទុកដាក់សពព្រះរៀមនៅក្នុងមហាប្រាសាទ រង់ចាំឱកាសធ្វើពិធីបូជា រួចចាប់ចាត់ចែងកិច្ចការព្រះនគរ ដោយសម្រេចបន្តធ្វើសង្គ្រាមតទៅទៀត ដែលឯកសារពង្សាវតារនិយាយថា គឺជាមហន្តរាយមួយចំពោះព្រះរាជាណាចក្រ ។ រាជពង្សាវតារៀបរាប់ថា “គេឮតែសំឡេងស្រែកយំរបស់ប្រជារាស្ត្រ ឧត្ដមសេនីយ៍ និងមេទ័ពស្លាប់បន្តបន្ទាប់គ្នា សូម្បីតែបក្សាបក្សី ក៏ស្រែកយំស្រណោះរាជធានីដែលខ្មែរសត្រូវឡោមព័ន្ធជិតជុំដែរ” ។
ឃើញខ្មែរធ្លាក់ក្នុងក្ដីអស់សង្ឃឹមដូច្នេះ ស្ដេចសៀមបានដាក់បញ្ជាឲ្យចាប់ធ្វើការវាយប្រហារម្ដងទៀត “នរណាគេចខ្លួនដកថយក្រោយនឹងត្រូវទទួលទោសប្រហារជីវិត នរណាក្លាហានជ្រៀតចូលក្នុងរាជធានីបាន នឹងទទួលបានរង្វាន់” ។
ការប្រយុទ្ធក៏ចាប់ផ្ដើមឡើងយ៉ាងសាហាវឃោរឃៅ ។ ទ័ពសៀមបើកការវាយប្រហារយ៉ាងអង់អាចក្លាហាន ប៉ុន្តែត្រូវទ័ពខ្មែររុញច្រានទម្លាក់ចូលក្នុងគូទឹកវិញអស់ ។ ចុងបញ្ចប់ ទ្វារទិសខាងកើតមួយបានត្រូវស្ត្រូវវាយបើកបាន ។ ការប្រយុទ្ធបន្តប្រព្រឹត្តទៅយ៉ាងប្ដូរផ្ដាច់នៅលើដងផ្លូវនៃរាជធានី ហើយព្រះឧបរាជដែលដឹកនាំការតស៊ូស្វិតស្វាញនៅមុខកងទ័ពក៏ត្រូវស្ត្រូវប្រហារបាន ។
មរណភាពរបស់ព្រះឧបរាជ រឹតតែធ្វើឲ្យកងទ័ពអស់សង្ឃឹម ទាំងអ្នកដែលធ្លាប់តែក្លាហានក៏គេចខ្លួនអស់ ។ មានតែពួកបារគូព្រាហ្មណ៍ទេ ដែលជាអ្នកថែរក្សាកេតនភណ្ឌរាជានិយមកម្ពុជាតាំងពីបុរាណកាលមក ដោយយល់ថា មិនត្រូវបណ្ដោយឲ្យកេតនភណ្ឌទាំងនោះ ធ្លាក់ទៅក្នុងដៃស្ត្រូវទេ ក៏ប្រមែប្រមូលគ្នាជាច្រើនពាន់នាក់ នៅ ជុំវិញព្រះបរមរាជា, ព្រះធម្មសោករាជ និងព្រាហ្មណ៍បុរោហិតដែលរក្សាព្រះខ័នរាជ្យ, លំពែងរាជ ធ្នូ និងកេតនភណ្ឌឯទៀតៗ បាននាំគ្នាគេចចេញពីរាជធានីជាមួយសេនាសព្វមុខមន្ត្រីមួយចំនួន និងប្រជារាស្ត្រ ព្រមទាំងគ្រួសារផង ។
ពួកគេវាយសម្រុកទៅលើទ័ពសៀមដែលហ៊ុមព័ទ្ធជុំជិតយ៉ាងអង់អាចក្លាហាន បើកផ្លូវចេញ ត្រូវស្លាប់បង់កម្លាំងអស់ជាច្រើន តែអាចរំដោះកេតនភណ្ឌទាំងអស់ដែលជានិមិត្តសញ្ញាជាតិកម្ពុជាបាន ។
រាជធានីបានធ្លាក់ក្នុងដៃសត្រូវ ហើយស្ដេចសៀមយាងចេញចូលចុះឡើងរបៀបជាអ្នកឈ្នះ ស្ងើចសរសើររាជវាំងដែលសង់ឡើងអំពីថ្ម ប្រកបទៅដោយរូបចម្លាក់ក្បាច់ក្បូររចនា បន្ទប់មួយៗល្អឥតខ្ចោះ ។ ទ្រង់យល់ឃើញថា មហានគរល្អមិនចាញ់ស្ថានសួគ៌៣៣ជាន់របស់ព្រះឥន្ទ្រប៉ុន្មានទេ ។ នៅពេលទ្រង់យាងចូលទៅក្នុងព្រះបរមរាជវាំង ប្រទះឃើញសពព្រះលំពង្សរាជា ក៏កើតក្ដីសង្វេគជាខ្លាំង ទើបទ្រង់ចេញបញ្ជាឲ្យរៀបចំពិធីបូជាថ្វាយឲ្យសក្ដិសមនឹងទំនៀមទម្លាប់បុរាណ ។
ក្រោយពីពិធីបូជានេះ ស្ដេចសៀមបានលើកព្រះរាជបុត្រពៅព្រះនាម ចៅបាសាធឲ្យសោយរាជ្យលើរាជបល្ល័ង្កកម្ពុជា ហើយបញ្ជាឲ្យព្រះរៀម២អង្គទៀត គឺចៅបាអាត និងចៅកំបង់ពិសី នៅជួយកិច្ចការព្រះអនុជជាមួយនឹងកងទ័ពចំនួន ១ម៉ឺននាក់ ដើម្បីការពាររាជធានី ។
បន្ទាប់មក ក្រោយពីទ្រង់បានតែងតាំងចៅហ្វាយខែត្រសៀមឲ្យគ្របគ្រងខែត្របស្ចិម និងនគររាជសីមាហើយ ចែករង្វាន់លើកទឹកចិត្តដល់ពួកអ្នកអង់អាចក្លាហានរួចមក ទ្រង់ចេញបញ្ជាឲ្យនាំប្រជារាស្ត្រដែលរស់នៅក្នុងរាជធានីទាំងអស់ យកទៅស្រុកសៀម ដោយយកទ្រព្យសម្បត្តិក្នុងរាជវាំងជាមាសប្រាក់ ជារបស់មានតម្លៃផ្សេងៗ ដូចជាកន្ទេលមាស កន្ទេលប្រាក់ សេះ ដំរី រាជរថ ជាដើមទៅជាមួយផង ។
ចៅបាសាធ ទ្រង់បានតែងតាំងចៅហ្វាយខែត្រសៀម និងខ្មែរឲ្យរៀបចំការដឹកនាំខែត្រឡើងវិញ ហើយឲ្យទៅបង្ក្រាបខែត្រដែលមិនទាន់ទទួលយល់ព្រមចំណុះ ។ ចៅហ្វាយខែត្រទាំងអស់នោះ អាចរៀបចំបានតែបណ្ដាខែត្រជិតៗរាជធានីប៉ុណ្ណោះ ឯខែត្រឆ្ងាយៗនៅ ខាងកើត ខាងជើង និងខាងត្បូងមិនព្រមចំណុះទេ ។ ចៅហ្វាយខែត្រទាំងនោះ ប្រកាសឯករាជ្យ ហើយចាប់ផ្ដើមប្រព្រឹត្តអំពើចោរកម្ម និងចម្បាំងរវាងគ្នានឹងគ្នា ធ្វើឲ្យប្រជាជនធ្លាក់ក្នុងទុរភិក្សយ៉ាងធ្ងន់ធ្ងរ… ។
អត្ថបទខាងលើ ខ្ញុំដកស្រង់ស្ទើរទាំងស្រុងពីសៀវភៅ ប្រវត្តិសាស្ត្រប្រទេសកម្ពុជា របស់ អាដេម៉ារ ឡឺក្លែរ ដោយសារព្រឹត្តិការណ៍នេះមិនសូវមានខុសគ្នាប៉ុន្មានពីពង្សាវតារ និងសៀវភៅប្រវត្តិសាស្ត្រផ្សេងៗទៀត ណាមួយ ការរៀបរាប់របស់គាត់ ណែងណង និងគួរឲ្យជក់ចិត្តចង់អានខ្លាំងណាស់ ។
ក្នុងអត្ថបទក្រោយ ខ្ញុំនឹងរៀបរាប់ពីដំណើររឿងបន្តពីនេះទៅទៀត។
By ilovekhmer
Published: July 23, 2009
Currently have 0 comments: