Latest News

ខ្មែរ​១៦​នាក់​ត្រូវ​ថៃ​ចាប់​ខណៈ​ចូល​ព្រៃ​កាប់​ឈើ​នៅ​តាម​ព្រំដែន

Saturday, July 25, 2009 , Posted by Koun Khmer at 1:27 PM

អាជ្ញាធរ​ខ្មែរ​នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ចម្ងាយ​ប្រមាណ​៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ​បាន​អះអាង​ ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៦​នាក់​កំពុង​បាត់​ខ្លួន​ដែល​តាម​ដំណឹង​ថា អ្នក​ទាំង​នោះ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​យក​ទៅ ខណៈ​ដែល​ពួក​គេ​ចូល​ព្រៃ​នៅ​ជាប់​ព្រំដែន​ដើម្បី​កាប់​ឈើ​ប្រភេទ​គ្រញូង​យក​ លក់​ឲ្យ​ក្រុម​ឈ្មួញ។

អធិការ​នគរបាល​ស្រុក​ជាំក្សាន្ត លោក ប៉ាង វណ្ឌី បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​កក្កដា ថា លោក​បាន​ទទួល​ដំណឹង​កាលពី​វេលា​ម៉ោង​ជាង​៤​រសៀល​ថ្ងៃ​សុក្រ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​លំនៅ​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ចំនួន​១៦​នាក់​ក្នុង​ចំណោម​១៧​នាក់ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា ខណៈ​ដែល​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​ចូល​ព្រៃ​តាម​បន្ទាត់​ព្រំដែន​ដើម្បី​ ប្រកប​របរ​ចិញ្ចឹម​ជីវិត។

លោក​អធិការ​បាន​មាន​ប្រសាសន៍​ទៀត​ថា ការចាប់​ខ្លួន​នោះ​គេ​មិន​ទាន់​ដឹង​ថា តើ​បណ្តាល​ពី​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​កម្ពុជា​កំពុង​ទាក់ទង​ជាមួយ​មន្ត្រី​ព្រំដែន​ថៃ ខេត្ត​អ៊ូប៊ុន ដើម្បី​ឲ្យ​មាន​ការដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ត្រឡប់​មក​វិញ។

លោក ប៉ាង វណ្ឌី បាន​ឲ្យ​ដឹង​ថា ៖ «ចំនួន​១៧​នាក់ ប៉ុន្តែ​រត់​រួច​មក​វិញ​ម្នាក់ ១៦​នាក់​ត្រូវ​បាន​គេ​ចាប់​ហើយ»។

បុរស​ឈ្មោះ មាស ពន្លឺ ដែល​អះអាង​ថា គាត់​ជា​អ្នក​ភូមិ​ម្នាក់​ដែល​បាន​រត់​រួច​ពី​ការចាប់​ខ្លួន​របស់​ទាហាន​ថៃ​ នោះ បាន​មាន​ប្រសាសន៍​ថា ពួក​គាត់​ចំនួន​១៧​នាក់​បាន​ចូល​ព្រៃ​នៅ​ម្តុំ​ភ្នំ​ដាច់​ភាគ​ខាង​កើត​ឆៀង​ ខាង​ត្បូង​ច្រក​អានសេះ​បន្តិច​នៅ​ជាប់​ព្រំដែន​ខ្មែរ​ថៃ។ ពួក​គាត់​បាន​ចូល​ព្រៃ​កាប់​ឈើ​គ្រញូង ប៉ុន្តែ​មាន​ទាហាន​ឈុត​ខ្មៅ​និង​ប៉ារ៉ា​ថៃ​បាន​មក​ចាប់​ខ្លួន​ដោយ​មាន​តែ​ គាត់​ម្នាក់​ប៉ុណ្ណោះ​បាន​គេច​រួច​ខ្លួន។

លោក មាស ពន្លឺ បាន​បញ្ជាក់​ថា ៖ «ទាហាន​ឈុត​ខ្មៅ​ហើយ​និង​ប៉ារ៉ា។ ចាប់​សុទ្ធតែ​កម្មករ​អូស​ឈើ​ទាំងអស់ នៅ​ខាង​តំបន់​ភ្នំ​ដាច់ ខាង​កើត​ភ្នំ​អានសេះ​បន្តិច ឆៀង​ខាង​ត្បូង។ ខ្ញុំ​ទៅ​នឹង​គេ​ដែរ ខ្ញុំ​លោត​ទម្លាក់​ជ្រោះ»។

អភិបាល​ស្រុក​ជាំក្សាន្ត លោក រស់ ហេង បាន​មាន​ប្រសាសន៍​ថា ទាហាន​ថៃ​នៃ​ស្រុក​ណាំយឺន ខេត្ត​អ៊ូប៊ុន ពិត​ជា​មាន​ការចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​មែន ហើយ​ពេល​នេះ​អាជ្ញាធរ​ខ្មែរ​កំពុង​ប្រាប់​ទៅ​ប្រធាន​ច្រក​ព្រំដែន​ទី​នោះ​ ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ចំណុច​ភូមិសាស្ត្រ​ដែល​ទាហាន​ថៃ​បាន​ ចាប់​ខ្លួន​អ្នក​ភូមិ​ខ្មែរ​នោះ​និង​ទាក់ទង​ដើម្បី​សុំ​ឲ្យ​មាន​ការដោះលែង​ មក​វិញ។

លោក រស់ ហេង បាន​មាន​ប្រសាសន៍​ថា ៖ «ព័ត៌មាន​ហ្នឹង​ខ្ញុំ​ទទួល​បាន​ថា មាន​ការចាប់​មែន​១៦​នាក់ ចាប់​នៅ​ថ្ងៃ​ទី​២៣។ ប្រធាន​ច្រក​ហ្នឹង​កំពុង​តែ​ស្រាវជ្រាវ តើ​នៅ​តំបន់​ណា? រក​ចំណុច​ឲ្យ​ច្បាស់លាស់»។

សូម​រំឭក​ថា ជា​លើក​ទី​២​ហើយ​ក្នុង​ខែ​កក្កដា​នេះ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​ព្រៃ​ តាម​ព្រំដែន​ខ្មែរ​ថៃ​កាប់​ឈើ​ប្រភេទ​គ្រញូង​មក​លក់​ឲ្យ​ក្រុម​ឈ្មួញ​ហើយ​ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន។

កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា​កន្លង​មក បុរស​ខ្មែរ​ម្នាក់​ឈ្មោះ លី ប៊ុនថន នៅ​ភូមិ​អភិវឌ្ឍន៍​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ស្រុក​ជាំក្សាន្ត​ដែរ​នោះ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ដែល​ចូល​ព្រៃ​ជាប់​ព្រំដែន​ខ្មែរ​ថៃ​ ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​មក​លក់​ឲ្យ​ក្រុម​ឈ្មួញ​នោះ ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការដោះស្រាយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ ត្រូវ​គេ​សម្លាប់​នោះ​ឡើយ៕

Source: Radio Free Asia
ដោយ សាវយុត

Currently have 0 comments:

Leave a Reply

Post a Comment