ខ្មែរ១៦នាក់ត្រូវថៃចាប់ខណៈចូលព្រៃកាប់ឈើនៅតាមព្រំដែន
អាជ្ញាធរខ្មែរនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងកើតពីប្រាសាទព្រះវិហារបានអះអាង ថា ប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់កំពុងបាត់ខ្លួនដែលតាមដំណឹងថា អ្នកទាំងនោះត្រូវបានទាហានថៃចាប់ខ្លួនយកទៅ ខណៈដែលពួកគេចូលព្រៃនៅជាប់ព្រំដែនដើម្បីកាប់ឈើប្រភេទគ្រញូងយក លក់ឲ្យក្រុមឈ្មួញ។
អធិការនគរបាលស្រុកជាំក្សាន្ត លោក ប៉ាង វណ្ឌី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ថា លោកបានទទួលដំណឹងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃសុក្រថា ប្រជាពលរដ្ឋខ្មែរដែលមានលំនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ចំនួន១៦នាក់ក្នុងចំណោម១៧នាក់ ត្រូវទាហានថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ខណៈដែលអ្នកភូមិខ្មែរទាំងនោះចូលព្រៃតាមបន្ទាត់ព្រំដែនដើម្បី ប្រកបរបរចិញ្ចឹមជីវិត។
លោកអធិការបានមានប្រសាសន៍ទៀតថា ការចាប់ខ្លួននោះគេមិនទាន់ដឹងថា តើបណ្តាលពីប្រជាពលរដ្ឋចូលទៅក្នុងព្រំដែនថៃឬយ៉ាងណានៅឡើយទេ ហើយពេលនេះសមត្ថកិច្ចកម្ពុជាកំពុងទាក់ទងជាមួយមន្ត្រីព្រំដែនថៃ ខេត្តអ៊ូប៊ុន ដើម្បីឲ្យមានការដោះលែងប្រជាពលរដ្ឋខ្មែរទាំងនោះត្រឡប់មកវិញ។
លោក ប៉ាង វណ្ឌី បានឲ្យដឹងថា ៖ «ចំនួន១៧នាក់ ប៉ុន្តែរត់រួចមកវិញម្នាក់ ១៦នាក់ត្រូវបានគេចាប់ហើយ»។
បុរសឈ្មោះ មាស ពន្លឺ ដែលអះអាងថា គាត់ជាអ្នកភូមិម្នាក់ដែលបានរត់រួចពីការចាប់ខ្លួនរបស់ទាហានថៃ នោះ បានមានប្រសាសន៍ថា ពួកគាត់ចំនួន១៧នាក់បានចូលព្រៃនៅម្តុំភ្នំដាច់ភាគខាងកើតឆៀង ខាងត្បូងច្រកអានសេះបន្តិចនៅជាប់ព្រំដែនខ្មែរថៃ។ ពួកគាត់បានចូលព្រៃកាប់ឈើគ្រញូង ប៉ុន្តែមានទាហានឈុតខ្មៅនិងប៉ារ៉ាថៃបានមកចាប់ខ្លួនដោយមានតែ គាត់ម្នាក់ប៉ុណ្ណោះបានគេចរួចខ្លួន។
លោក មាស ពន្លឺ បានបញ្ជាក់ថា ៖ «ទាហានឈុតខ្មៅហើយនិងប៉ារ៉ា។ ចាប់សុទ្ធតែកម្មករអូសឈើទាំងអស់ នៅខាងតំបន់ភ្នំដាច់ ខាងកើតភ្នំអានសេះបន្តិច ឆៀងខាងត្បូង។ ខ្ញុំទៅនឹងគេដែរ ខ្ញុំលោតទម្លាក់ជ្រោះ»។
អភិបាលស្រុកជាំក្សាន្ត លោក រស់ ហេង បានមានប្រសាសន៍ថា ទាហានថៃនៃស្រុកណាំយឺន ខេត្តអ៊ូប៊ុន ពិតជាមានការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរមែន ហើយពេលនេះអាជ្ញាធរខ្មែរកំពុងប្រាប់ទៅប្រធានច្រកព្រំដែនទីនោះ ស្រាវជ្រាវឲ្យបានច្បាស់លាស់ចំពោះចំណុចភូមិសាស្ត្រដែលទាហានថៃបាន ចាប់ខ្លួនអ្នកភូមិខ្មែរនោះនិងទាក់ទងដើម្បីសុំឲ្យមានការដោះលែង មកវិញ។
លោក រស់ ហេង បានមានប្រសាសន៍ថា ៖ «ព័ត៌មានហ្នឹងខ្ញុំទទួលបានថា មានការចាប់មែន១៦នាក់ ចាប់នៅថ្ងៃទី២៣។ ប្រធានច្រកហ្នឹងកំពុងតែស្រាវជ្រាវ តើនៅតំបន់ណា? រកចំណុចឲ្យច្បាស់លាស់»។
សូមរំឭកថា ជាលើកទី២ហើយក្នុងខែកក្កដានេះដែលប្រជាពលរដ្ឋខ្មែរបានចូលព្រៃ តាមព្រំដែនខ្មែរថៃកាប់ឈើប្រភេទគ្រញូងមកលក់ឲ្យក្រុមឈ្មួញហើយ ត្រូវទាហានថៃចាប់ខ្លួន។
កាលពីថ្ងៃទី១១ ខែកក្កដាកន្លងមក បុរសខ្មែរម្នាក់ឈ្មោះ លី ប៊ុនថន នៅភូមិអភិវឌ្ឍន៍ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនស្រុកជាំក្សាន្តដែរនោះ ត្រូវទាហានថៃបាញ់ស្លាប់ខណៈដែលចូលព្រៃជាប់ព្រំដែនខ្មែរថៃ ស៊ីឈ្នួលកាប់ឈើគ្រញូងមកលក់ឲ្យក្រុមឈ្មួញនោះ ហើយរហូតមកដល់ពេលនេះមិនមានការដោះស្រាយសម្រាប់ពលរដ្ឋខ្មែរដែល ត្រូវគេសម្លាប់នោះឡើយ៕
Source: Radio Free Asia
ដោយ សាវយុត
Currently have 0 comments: