Latest News

ការឈ្លានពាន​របស់​សៀម​​លើក​ដំបូង

Friday, July 24, 2009 , Posted by Koun Khmer at 5:11 AM

បន្ទាប់​ពី​ព្រះបាទ​សម្ដេច​មហាបពិត្រ​ធម្មិក​រាជាធិរាជ ឬ​តា​ត្រសក់​ផ្អែម​សុគត បុត្រ​របស់​ព្រះអង្គ​ព្រះនាម និព្វានបទ ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ ។ ក្នុង​រាជ្យ​របស់​ព្រះបាទ​និព្វានបទ បាន​ទទួល​សុខ​សន្តិភាព​ជាមួយ​នឹង​ប្រទេស​ជិតខាង តែ​ព្រះអង្គ​សោយរាជ្យ​បាន​តែ​៥ឆ្នាំ ក៏​សុគត​ទៅ គឺ​នៅ​ឆ្នាំ​១៣៤៦ ។

ព្រះ​អនុជ​របស់​ព្រះបាទ​និព្វានបទ ព្រះនាម​សម្ដេច​ព្រះ​សិទ្ធានរាជា ឡើង​គ្រង​រាជ្យ​សម្បត្តិ​បន្ត តែ​បាន​ចូល​ទិវង្គត​៦​ខែ​ក្រោយ ទាំង​មិន​ទាន់​បាន​ទទួល​អភិសេក ។

តមក នៅ​ឆ្នាំ ១៣៤៧ ​គេ​ក៏​តែងតាំង ព្រះ​ស្រីលំពង្សរាជា ដែល​ត្រូវ​ជា​រាជបុត្រ​​ច្បង​របស់​ព្រះ​និព្វានបទ​ឲ្យ​សោយរាជ្យ​បន្ត ដោយ​មាន​ព្រះនាម​ថា ព្រះ​រាជឱង្ការ​ព្រះ​លំពង្សរាជាធិរាជ និង​តាំង​ព្រះរាជបុត្រ​ប្អូន​ព្រះនាម​ថា ព្រះ​សុរិយោទ័យ ឲ្យ​ធ្វើ​ជា​ឧបរាជ ។

សម័យ​នោះ ប្រទេស​សៀម​ដែល​ធ្លាប់​តែ​ចំណុះ​ខ្មែរ​ ទទួល​បាន​ឯករាជ្យ ។ ពង្សាវតារ​ខ្មែរ​ថា​សៀម​បាន​សេរីភាព​ពី​ខ្មែរ​តាំង​ពី​ព្រះបាទ បទុមសុរិយោវង្ស ។ លោក អាដេម៉ារ ឡឺក្លែរ យល់​ថា​ ព្រះបាទ​បទុមសុរិយោវង្ស (ពង្សាវតារ​សរសេរ បទុមសូរ្យវង្ស) ជា​ព្រះបាទ​សុរិយាវរ្ម័នទី២ ដែល​គ្រងរាជ្យ​ក្នុង​ឆ្នាំ ១១៦២ នោះ​ហើយ ។ តាម​កំណត់ត្រា​របស់​លោក ជីវតាក្វាន់ ​ដែល​​ចុះ​បេសកកម្ម​មក​ដល់​ប្រទេស​កម្ពុជា​​ឆ្នាំ ១២៩៦ ខ្មែរ​មាន​ប្រើប្រាស់​សំពត់​សូត្រ​របស់​ចាម្ប៉ា និង​សៀម ថ្វី​បើ​ខ្មែរ​ចេះ​ត្បាញ​ខ្លួនឯង​ខ្លះ​ក៏​ដោយ និង​ចាត់​ថា​សូត្រ​ដែល​មក​ពី​សៀម​ជា​សូត្រ​ល្អ​ទៀត​ផង ។ ម្យ៉ាង​ទៀត សៀម​ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ ភាគច្រើន​ប្រកប​របរ​ត្បាញ និង​ចេះ​ចិញ្ចឹម​កូន​នាង​យក​សូត្រ​មក​ប្រើ​ផង នៅ​ពេល​ដែល​សំពត់​របស់​ខ្មែរ​ដាច ខ្មែរ​តែងតែ​ទៅ​ពឹង​ស្រី​សៀម​ឲ្យ​ប៉ះ ឬ​ជួសជុល​ឲ្យ ។ នេះ​បញ្ជាក់​ថា ប្រទេស​សៀម​ប្រហែល​ជា​បាន​ទទួល​ឯករាជ្យ​ពី​កម្ពុជា​ក្នុង​ពេល​មុន​ពេល​ដែល ជីវតាក្វាន់ ​បាន​មក​ដល់ ប្រហែល​ក្នុង​រជ្ជកាល​ព្រះបាទ យសោវរ្ម័នទី២ ដូច​អាដេម៉ារ ឡឺក្លែរ សន្និដ្ឋាន​ខាង​លើ ។

ពង្សាវតារ​បាន​បញ្ជាក់​ថា ព្រះបាទ​បទុមសូរិយោវង្ស ទ្រង់​យល់​ឃើញ​ថា ពញារោង​នោះ​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ផ្ទាល់​នៃ​ព្រះអង្គ ព្រះអង្គ​ក៏​លើក​ប្រទេស​ចំណុះ​នោះ​ឲ្យ​ឡើង​ជា​ប្រទេស​ឯករាជ្យ​មួយ និង​មាន​ទីក្រុង​ឈ្មោះ សុខោទ័យ ។ ក្នុង​គ្រានោះ ពញារោង មាន​បុណ្យ មាន​អំណាច​ណាស់ ព្រះអង្គ​បាន​ប្រាបប្រាម​ស្រុក​ជិត​ឆ្ងាយ​ទាំងនោះ​ឲ្យ​ចុះចូល​ក្នុង​អំណាច​របស់​ព្រះអង្គ ។ ព្រះអ្គ​លើក​ស្រុក សុខោទ័យ​ឡើង​ជា​នរគរ​ធំ ជា​ប្រទេស​ឯករាជ្យ​មួយ ។ ព្រះរាជវង្ស​របស់​ព្រះអង្គ​បាន​សោយរាជ្យ​រៀងមក​ជា​ច្រើន​តំណ ។

ព្រះឧទង ព្រះចៅ​រាមាធិបតី ក្រុង​ស្រី​អយុធ្យា ខ្ញាល់​នឹង​ព្រះមហានគរ “ប្រទេស​កម្ពុជា” ដែល​មិន​ព្រម​ចំណុះ ។ ស្ដេច​នេះ​មាន​មហិច្ឆតា​ពង្រីក​ទឹកដី ក៏​បាន​ចាត់​រៀបចំ​ទ័ព​ជា​២​កង មួយ​កង​មាន​ពល ៥០០០​នាក់ គ្រប់គ្រង​ដោយ​ព្រះរាជនត្តា ស៊ីសាវ៉ាត់ (ពង្សាវតារ​សរសេរ ស៊ីសុបត្តិ) និង​មួយ​កង​ទៀត​មាន​ចំនួន ១០.០០០​នាក់ នៅ​ក្រោម​បញ្ជា​របស់​ព្រះរាជបុត្រ​រាមាសួន (វង្សាវតារ​សរសេរ រាមាសូរ តែ​ប្រហែល​ជា​រាមាសួន​) ។ ទ្រង់​បាន​បញ្ជា​ឲ្យ​ធ្វើ​ដំណើរ​ទាំង​យប់ ទាំង​ថ្ងៃ​មក​វាយ​យក​មហានគរ​ខ្មែរ ។

ចៅ​ពញា​នគរ​រាជសីមា មិន​បាន​ដឹង​មុន នឹង​គិត​កេណ្ឌ​ទ័ព​ក៏​ពុំ​ទាន់ ក៏​នាំគ្នា​ដកថយ​គេច​ចេញ​ជាមួយ​គ្រួសារ ហើយ​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​នាំ​ដំណឹង​នេះ​មក​ថ្វាយ​ព្រះរាជា​ដែល​គង់​នៅ​ឥន្ទបុរី ។ ពេល​ដំណឹង​នេះ​បាន​មក​ដល់​ក្នុង​វេលា​ថ្ងៃ​ត្រង់ ព្រះ​លំពង្សរាជា បាន​បញ្ជា​ឲ្យ​ព្រះអនុជ សុរិយោទ័យ ជា​ព្រះ​ឧបរាជ​កេណ្ឌ​ទ័ព​២​ម៉ឺន​នាក់ ហើយ​ចេញ​តទល់​ជាមួយ​ទ័ព​សៀម ។ ចាត់ចែង​កិច្ចការ​នេះ​ស្រេច​ហើយ ព្រះអង្គ​ងាក​មក​ពិភាក្សា​ជាមួយ​ព្រះរាជវង្សានុវង្ស សេនាបតី មន្ត្រី​ទាំងពួង ដោយ​លើក​សំណួរ​ឡើង​ថា “ព្រះរាជាណាចក្រ​របស់​យើង មាន​សុខ​សន្តិភាព​ជាយូរ​មក​ហើយ ហើយ​យើង​មិន​ដែល​មាន​ហ្វឹកហាត់​កងទ័ព​ទេ ស្រាប់តែ​ឥឡូវ ពួក​សៀម​លើក​ទ័ព​មក​វាយ​យើង​យ៉ាងនេះ តើ​អស់លោក​យល់​ថា​ដូចម្ដេច?” ។

មហា​ឧបរាជ​បាន​ឆ្លើយ​ថា “ទ័ព​សៀម​ប្រាកដ​ជា​មាន​ការនឿយហត់​ដោយ​ត្រូវ​ធ្វើ​ដំណើរ​ទាំង​យប់ ទាំង​ថ្ងៃ​ចាប់​ពី​ទល់​ដែន​មក ព្រោះ​ចង់​មក​ដល់​ឆាប់​នឹង​អាល​វាយ​យើង ទាំង​យើង​មិន​បាន​ដឹងខ្លួន ។ ពួក​នេះ​ប្រមាថ​មើល​ងាយ​ខ្មែរ គិត​ថា​យើង​មិន​ចេះ​ធ្វើ​ចម្បាំង ហើយ​ជឿ​ថា​យើង​មិន​ចេះ​ការពារ​ខ្លួន​ទេ ។ ចំណែក​ទ័ព​របស់​យើង ថ្វីបើ​ថា​មិន​ធ្លាប់​បាន​ហ្វឹកហ្វឺន​មែនពិត តែ​ជា​ទ័ព​​ថ្មី មិន​ទាន់​អស់​កម្លាំង ហើយ​មាន​ចេតនា​ចង់​ប្រយុទ្ធ ទូល​បង្គំ​ជា​ខ្ញុំ សុំ​យក​អាសា​ចេញ​ទៅ​ទប់ទល់​នឹង​ទ័ព​សៀម​ឲ្យ​បាន​ឆ្ងាយ​ពី​រាជធានី​បន្តិច ត្រង់​កន្លែង​ដែល​ពួក​នេះ​កំពុង​បោះ​ទ័ព ។”

ព្រះ​លំពង្សរាជា​បាន​ព្រម​តាម​សំណើ ព្រះ​ឧបរាជ​ក៏​យាង​ដំណើរ​ទៅ​ទាំង​យប់ ដោយ​លើក​ទ័ព​ប្រាំ​ម៉ឺន​នាក់ ​មាន​ទ័ព​សេះ ទ័ព​ដំរី និង​ថ្មើរ​ជើង​ចេញ​ទៅ ។ ទ័ព​សៀម​គិត​មិន​ដល់​ថា​ខ្មែរ​វាយ​មុន ក៏​ត្រូវ​បរាជ័យ ព្រះអង្គ​ម្ចាស់​ស៊ីសាវ៉ាត់​ក៏​សុគត​នៅ​ពេល​នោះ​ទៅ ។ ចំណែក​ទ័ព​របស់​រាមាសួន ក៏​ត្រូវ​ទ័ព​ខ្មែរ​ដេញ​រត់​ដកថយ​ទៅ​វិញ​ដែរ ។ ទ័ព​ខ្មែរ​ត្រឡប់​មក​ឥន្ទបត្ត​វិញ ដោយ​ប្រមូល​បាន​ជ័យភណ្ឌ និង​ឈ្លើយសឹក​មក​ជាមួយ ។

ព្រះបាទ​ឧទង​ទទួល​ដំណឹង​បរាជ័យ ហើយ​ព្រះ​ស៊ីសាវ៉ាត់​សុគត​ទៀត ទ្រង់​ខ្ញាល់​យ៉ាង​ខ្លាំង ក៏​បញ្ជា​ឲ្យ​កេណ្ឌ​ទ័ព​ជា​ច្រើន​ថែម​ទៀត ដោយ​ចែក​ជា​បី​ក្រុម និង​ឲ្យ​បុត្រ​ទាំង​បី​របស់​ព្រះ​រាមាសួន​​គ្រប់គ្រង ។

នៅ​ខាង​ទឹកដី​របស់​ខ្មែរ​ឯណេះ​វិញ គិត​ថា បរាជ័យ​របស់​សៀម​លើក​នេះ មិន​អនុញ្ញាត​ឲ្យ​សៀម​វិល​ត្រឡប់​មក​ធ្វើ​សង្គ្រាម​វិញ​ឡើយ ក៏​បញ្ជា​ឲ្យ​រំសាយ​កងទ័ព ទុក​តែ​ទ័ព​រក្សា​ព្រះអង្គ​ប៉ុណ្ណោះ ។ ដល់​ពេល​សៀម​លើក​ចូល​មក​ម្ដង​ទៀត ទ្រង់​បញ្ជា​ឲ្យ​កេណ្ឌ​ទ័ព​ឡើងវិញ​ដែរ តែ​ព្រះរាជ​បញ្ជា​រំសាយ​ទ័ព​ទើប​​ផ្សព្វផ្សាយ​មិន​ទាន់​ផុត​ផង ម្ល៉ោះ​ហើយ​ក៏​គ្មាន​កម្លាំង​ទប់ទល់​ទ័ព​សៀម​ដែល​មាន​ចំនួន​ច្រើន​លើស​លប់ ។ ទ្រង់​សម្រេច​ឲ្យ​ទប់ទល់​តែ​ក្នុង​បរិវេណ​ព្រះរាជធានី​សិន ទម្រាំ​ចាត់​កម្លាំង​ឲ្យ​ចេញ​កេណ្ឌ​ទាហាន​បាន​បន្ថែម ។ អ្នក​ស្រុក​ដែល​រស់នៅ​ជិត​រាជធានី​ឥន្ទ្របត្ត បាន​រត់​ចូល​មក​ជ្រកកោណ​ក្នុង​រាជធានី​ដែល​មាន​កម្លាំង​ការពារ​យ៉ាង​រឹងមាំ ។

ក្រោយ​ពី​ការប្រជុំ និង​ឃើញ​ថា​ទ័ព​សៀម​មាន​ចំនួន​លើស​មុន​រហូត​១០​ដង មិន​មាន​កម្លាំង​អាច​ទប់ទល់​បាន ព្រះអង្គ​ក៏​ចាត់​ព្រះ​ភាគិនេយ្យ​របស់​ព្រះអង្គ ព្រះ​ស្រីសុរិយោវង្ស ដែល​ជា​បុត្រ​របស់​ព្រះ​សុគន្ធបទ និង​ជា​ព្រះ​រាជនត្តា​របស់​ព្រះ​និព្វានបទ ឲ្យ​យាង​ចេញ​ទៅ​កេណ្ឌ​ទ័ព​នៅ​តាម​បណ្ដា​ខែត្រ​មក​ជួយ​រាជធានី ។

រយៈពេល​បី​ថ្ងៃ​ក្រោយ ទ័ព​សៀម​មក​បង្ហាញ​ខ្លួន​នៅ​រាជធានី ហើយ​ចាប់ផ្ដើម​ធ្វើការ​វាយ​ប្រហារ ។ ព្រះរាមាសួន​រាយទ័ព​ពី​ខាង​ជើង ចៅ​បាសាធ​នៅ​ពី​ខាង​កើត ចៅ​បាអាត​នៅ​ពី​ខាង​ត្បូង និង​ចៅ​កំបង់ពិសី នៅ​ពី​ខាង​លិច ។ ទ័ព​សៀម បាន​សាកល្បង​វាយ​ជា​ច្រើន​លើក តែ​ឥត​ប្រយោជន៍ ព្រោះ​កំពែង​រាជធានី​រឹងមាំ មាន​គូ​ទឹក​ធំ និង​ជ្រៅ ព័ទ្ធ​ជុំវិញ ចំណុច​ត្រង់​ណា​មាន​ស្ពាន​សុទ្ធតែ​មាន​ទាហាន​ការពារ​ម៉ឺងម៉ាត់ និង​យាមកាម​តាម​ជញ្ជាំង​កំពែង​ទាំង​ថ្ងៃ​ទាំង​យប់​ទៀត​ផង ។

ព្រះចៅ​ក្រុង​កម្ពុជា​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន បាន​ដឹកនាំ​ទ័ព​ផ្ទាល់​ព្រះអង្គ ចេញ​វាយ​ទ័ព​សៀម ។ ការ​ប្រយុទ្ធ​បង្ហូរ​ឈាម បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សាហាវ ប៉ុន្តែ​មិន​មាន​ទ័ព​ណា​មាន​ជ័យជម្នះ​លើ​ទ័ព​ណា​ទេ ព្រះលំពង្ស​រាជា​ក៏​យាង​ចូល​ក្នុង​រាជធានី​វិញ​នៅ​ពេល​ល្ងាច ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះរាមាសួន បាន​ចាត់​ឲ្យ​កសាង​ប្រាង្គ​ខ្ពស់ៗ​ជា​ច្រើន ប្រហាក់ប្រហែល​នឹង​កម្ពស់​កំពុង​អង្គរ​ធំ​ដែរ ដើម្បី​ងាយស្រួល​ក្នុង​ការបាញ់​កាំភ្លើង ចូល​ក្នុង​រាជធានី និង​ដើម្បី​ចៀសវាង​ការខូចខាត ។

ទ័ព​ខ្មែរ និង​សៀម​ច្បាំង​គ្នា​របៀប​នេះ​អស់​ពេល ៤​ខែ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​១៣៥២ រហូត​ដល់​ចុង​ខែ​មីនា ១៣៥៣ តែ​គ្មាន​នរណា​ឈ្នះ​ទេ ។ ពេល​នោះ ព្រះ​លំពង្សរាជា បាន​ផ្ញើ​រាជសារ​មួយ​ច្បាប់​ឲ្យ​ទៅ​ឧត្ដមសេនីយ៍​សៀម សួរថា “កម្ពុជា​ជា​មហាអាណាចក្រ​មួយ​ធំ ឯ​សៀម​គ្រាន់តែ​នគរ​ចំណុះ​កម្ពុជា​ប៉ុណ្ណោះ ។ សៀម​បាន​ឯករាជ្យ យើង​ក៏​មិន​ចង់​រំខាន ព្រោះ​មិន​ចង់​មាន​សត្រូវ ។ តើ​ហេតុអ្វី​ក៏​សៀម​បញ្ជូន​ទ័ព​មក​វាយ​កម្ពុជា​ សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​មូលហេតុ​ផង” ។

ឧត្ដម​សេនីយ៍​សៀម​ឆ្លើយតប​មក​វិញ​ថា បើ​កម្ពុជា​យល់​ព្រម​ទទួល​ស្គាល់​អធិរាជ​ភាព​របស់​​ស្ដេច​សៀម​នោះ គេ​នឹង​ដកទ័ព​ថយ​ទៅ​វិញ​ទាំង​អស់ ។

ព្រះរាជា​ខ្មែរ​បាន​ឆ្លើយតប​ទៅ​វិញ​ថា ទ្រង់​សុខចិត្ត​ស្លាប់ ជាជាង​ចុះ​ចូល ដែល​នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​អស់​នូវ​កិត្តិនាម ខ្មាស​ប្រជានុរាស្ត្រ ។ ទ្រង់​ក៏​យាង​ចេញ​ត្រួតពល​ផ្ទាល់​ព្រះអង្គ ហើយ​ប្រកាស​ថា នឹង​ទប់ទល់​រហូត​ដល់​ទី​បញ្ចប់ ។ ចំណែក​ឯ​កងទ័ព​សៀម​​វិញ ក៏​បាន​បង្កើន​ការប្រហារ​ព្រមទាំង​បាន​ខិតខំ​ពង្រឹង​ការការពារ​ផង​ដែរ ។

រដូវ​វស្សា​មក​ដល់ មេទ័ព​សៀម​បាន​ផ្ញើ​សារ​ទៅ​ថ្វាយ​ស្ដេច​គេ ទូល​ថា បើ​ចង់​ដណ្ដើម​យក​កម្ពុជា ត្រូវ​ចាប់វាយ​សង្គ្រុប​ខ្លាំង​ឥឡូវ​នេះ ឲ្យ​បាន​មុន​ពេល​ដែល​ទ័ព​ជំនួយ​ពី​ខែត្រ​មក​ដល់ ។ ស្ដេច​សៀម​ឯកភាព​នឹង​សំណើរ​នេះ ក៏​កេណ្ឌ​ទ័ព​បន្ថែម ហើយ​លើក​មក​ផ្ទាល់​ព្រះអង្គ រហូត​ដល់​ជើង​កំពែង​ឥន្ទបត្តបុរី​តែ​ម្ដង​នៅ​ចុង​រដូវ​វស្សា ។

ពេល​នោះ ព្រះអង្គម្ចាស់ ស្រី​សុរិយោវង្ស ដែល​ចេញ​កេណ្ឌ​ទ័ព​អស់​ពេល ៨​ខែ​ហើយ បាន​នាំ​ទ័ព​មួយ​កង​ចូល​ទៅ​ជិត​ទ័ព​សៀម​ពេក​ដោយ​មិន​ដឹង​ខ្លួន ក៏​ត្រូវ​ទ័ព​សៀម​វាយ​មក​លើ​ក្នុង​ពេល​ដែល​ដកថយ​ផង ធ្វើ​ឲ្យ​ព្រះអង្គ​បរាជ័យ ទ័ព​ទាំងឡាយ​ក៏​បែក​ខ្ញែក​គ្នា​អស់​ទៅ ។ ព្រះ​ស្រីសុរយោវង្ស​ខ្លួន​ព្រះអង្គ បាន​គេច​ទៅ​គង់​នៅ​ស្រុក​លាវ ក្នុង​ក្រុង​ស៊ីសុទ្ទនាកាណាហ៊ុត (ប្រហែល​ជា​ហ្លួងប្រាបាង ឬ​វៀងចន្ទន៍​) ប្រហែល​ដើម្បី​បំផុល​អន្តរាគមន៍​ពី​ខាង​ឦសាន​មក​វិញ ។

នៅ​ពេល​ដែល​ព្រះស្រី​សុរិយោវង្ស​យាង​ទៅ​ដល់​ប្រទេស​លាវ ទ័ព​ឯ​ទៀតៗ​​ដែល​ព្រះអង្គ កេណ្ឌ​បាន បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី ហើយ​ទទួល​ដំណឹង​អំពី​បរាជ័យ និង​ការបាត់​ខ្លួន​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម​ជា​ខ្លាំង ។ ឆ្លៀត​ឱកាស​នោះ ពួក​សៀម​ក៏​បើក​ការប្រយុទ្ធ​មក​លើ ធ្វើ​ឲ្យ​ទ័ព​បែក​ខ្ញែក រត់​ទៅ​ស្រុក​វិញ​អស់​ទៅ ។

ឃើញ​ទ័ព​ខ្មែរ​បែក​ខ្ញែក​ដូច្នេះ ស្ដេច​សៀម​បាន​បញ្ជា​ឲ្យ​បើក​ការប្រយុទ្ធ​ទៅ​លើ​រាជធានី ប៉ុន្តែ ត្រូវ​បាត់បង់​ទ័ព​ជា​ច្រើន និង​ត្រូវ​រុញ​ច្រាន​ថយ​ទៅវិញ ។ សៀម​នៅ​បន្ត​ហ៊ុម​ព័ទ្ធ​រាជធានី​ប្រហែល​ជា​មួយ​ឆ្នាំ​ទៀត ប៉ុន្តែ​នៅតែ​ដណ្ដើម​មិន​បាន គ្រាន់តែ​ប្រមូល​បាន​នូវ​ជ័យភណ្ឌ​ផ្សេងៗ​តាម​ខែត្រ​ជិតខាង​រាជធានី​ប៉ុណ្ណោះ ។

ពេល​នោះ ព្រះ​ស្រីលំពង្សរាជាធិរាជ ក៏​ប្រឈួន រហូត​ដល់​សុគត​ក្នុង​ឆ្នាំ ១៣៥៣ ។

ព្រះ​ឧបរាជ​ស្រីសុរិយោទ័យ ជា​ព្រះ​អនុជ​របស់​ព្រះរាជា ទ្រង់​បាន​រៀបចំ​ទុកដាក់​​សព​ព្រះរៀម​នៅ​ក្នុង​មហាប្រាសាទ រង់ចាំ​ឱកាស​ធ្វើ​ពិធី​បូជា រួច​ចាប់​ចាត់ចែង​កិច្ចការ​ព្រះនគរ ដោយ​សម្រេច​បន្ត​ធ្វើ​សង្គ្រាម​ត​ទៅទៀត ដែល​ឯកសារ​ពង្សាវតារ​និយាយ​ថា គឺ​ជា​មហន្តរាយ​មួយ​ចំពោះ​ព្រះរាជា​ណាចក្រ ។ រាជពង្សាវតា​រៀបរាប់​ថា “គេ​ឮ​តែ​សំឡេង​ស្រែក​យំ​របស់​ប្រជារាស្ត្រ ឧត្ដមសេនីយ៍ និង​មេទ័ព​ស្លាប់​បន្តបន្ទាប់​គ្នា សូម្បីតែ​បក្សាបក្សី ក៏​ស្រែក​យំ​ស្រណោះ​រាជធានី​ដែល​ខ្មែរ​សត្រូវ​ឡោមព័ន្ធ​ជិតជុំ​ដែរ” ។

ឃើញ​ខ្មែរ​ធ្លាក់​ក្នុង​ក្ដី​អស់​សង្ឃឹម​ដូច្នេះ ស្ដេច​សៀម​បាន​ដាក់​បញ្ជា​ឲ្យ​ចាប់​ធ្វើ​ការវាយ​ប្រហារ​ម្ដង​ទៀត “នរណា​គេច​ខ្លួន​ដកថយ​ក្រោយ​នឹង​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត នរណា​ក្លាហាន​ជ្រៀត​ចូល​ក្នុង​រាជធានី​បាន នឹង​ទទួល​បាន​រង្វាន់” ។

ការប្រយុទ្ធ​ក៏​ចាប់​ផ្ដើម​ឡើង​យ៉ាង​សាហាវ​ឃោរឃៅ ។ ទ័ព​សៀម​បើក​ការវាយ​ប្រហារ​យ៉ាង​អង់អាច​ក្លាហាន ប៉ុន្តែ​ត្រូវ​ទ័ព​ខ្មែរ​រុញ​ច្រាន​ទម្លាក់​ចូល​​ក្នុង​គូ​ទឹក​វិញ​អស់ ។ ចុង​បញ្ចប់​ ទ្វារ​ទិស​ខាង​កើត​មួយ​បាន​ត្រូវ​ស្ត្រូវ​វាយ​បើក​បាន ។ ការប្រយុទ្ធ​បន្ត​ប្រព្រឹត្ត​ទៅ​យ៉ាង​ប្ដូរផ្ដាច់​នៅ​លើ​ដង​ផ្លូវ​នៃ​រាជធានី ហើយ​ព្រះ​ឧបរាជ​ដែល​ដឹកនាំ​ការតស៊ូ​ស្វិតស្វាញ​នៅ​មុខ​កងទ័ព​ក៏​ត្រូវ​ស្ត្រូវ​ប្រហារ​បាន ។

មរណភាព​របស់​ព្រះ​ឧបរាជ រឹតតែ​ធ្វើ​ឲ្យ​កងទ័ព​អស់​សង្ឃឹម ទាំង​អ្នក​ដែល​ធ្លាប់តែ​ក្លាហាន​ក៏​គេច​ខ្លួន​អស់ ។ មានតែ​ពួក​បារគូ​ព្រាហ្មណ៍​ទេ ដែល​ជា​អ្នក​ថែរក្សា​កេតនភណ្ឌ​រាជា​និយម​កម្ពុជា​តាំង​ពី​បុរាណកាល​មក ដោយ​យល់​ថា មិន​ត្រូវ​បណ្ដោយ​ឲ្យ​កេតនភណ្ឌ​ទាំង​នោះ ធ្លាក់​ទៅ​ក្នុង​ដៃ​ស្ត្រូវ​ទេ ក៏​ប្រមែប្រមូល​គ្នា​ជា​ច្រើន​ពាន់​នាក់ នៅ ជុំវិញ​ព្រះបរមរាជា, ព្រះ​ធម្មសោករាជ និង​ព្រាហ្មណ៍​បុរោហិត​ដែល​រក្សា​ព្រះខ័ន​រាជ្យ, លំពែងរាជ ធ្នូ និង​កេតនភណ្ឌ​ឯទៀតៗ បាន​នាំ​គ្នា​គេច​ចេញ​ពី​រាជធានី​ជាមួយ​សេនា​សព្វ​មុខ​មន្ត្រី​មួយ​ចំនួន និង​ប្រជារាស្ត្រ ព្រមទាំង​គ្រួសារ​ផង ។

ពួកគេ​វាយ​សម្រុក​ទៅ​លើ​ទ័ព​សៀម​ដែល​ហ៊ុមព័ទ្ធ​ជុំជិត​យ៉ាង​អង់អាច​ក្លាហាន បើក​ផ្លូវ​ចេញ ត្រូវ​ស្លាប់​បង់​កម្លាំង​អស់​ជា​ច្រើន តែ​អាច​រំដោះ​កេតនភណ្ឌ​ទាំង​អស់​ដែល​ជា​និមិត្តសញ្ញា​ជាតិ​កម្ពុជា​បាន ។

រាជធានី​បាន​ធ្លាក់​ក្នុង​ដៃ​សត្រូវ ហើយ​ស្ដេច​សៀម​យាង​ចេញចូល​ចុះឡើង​របៀប​ជា​អ្នក​ឈ្នះ ស្ងើច​សរសើរ​រាជវាំង​ដែល​សង់​ឡើង​អំពី​ថ្ម ប្រកប​ទៅ​ដោយ​រូប​ចម្លាក់​ក្បាច់​ក្បូរ​រចនា បន្ទប់​មួយៗ​ល្អ​ឥត​ខ្ចោះ ។ ទ្រង់​យល់​ឃើញ​ថា មហានគរ​ល្អ​មិន​ចាញ់​ស្ថានសួគ៌​៣៣​ជាន់​របស់​ព្រះ​ឥន្ទ្រ​ប៉ុន្មាន​ទេ ។ នៅ​ពេល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង ប្រទះ​ឃើញ​សព​ព្រះ​លំពង្សរាជា ក៏​កើត​ក្ដី​សង្វេគ​ជា​ខ្លាំង ទើប​ទ្រង់​ចេញ​បញ្ជា​ឲ្យ​រៀបចំ​ពិធី​បូជា​ថ្វាយ​ឲ្យ​សក្ដិសម​នឹង​ទំនៀមទម្លាប់​បុរាណ ។

ក្រោយ​ពី​ពិធី​បូជា​នេះ ស្ដេច​សៀម​បាន​លើក​ព្រះរាជបុត្រ​ពៅ​ព្រះនាម ចៅ​បាសាធ​ឲ្យ​សោយរាជ្យ​លើ​រាជបល្ល័ង្ក​កម្ពុជា ហើយ​បញ្ជា​ឲ្យ​ព្រះរៀម​២​អង្គ​ទៀត គឺ​ចៅ​បាអាត និង​ចៅ​កំបង់ពិសី នៅ​ជួយ​កិច្ចការ​ព្រះ​អនុជ​ជាមួយ​នឹង​កងទ័ព​ចំនួន ១​ម៉ឺន​នាក់ ដើម្បី​ការពារ​រាជធានី ។

បន្ទាប់មក ក្រោយ​ពី​ទ្រង់​បាន​តែងតាំង​ចៅហ្វាយខែត្រ​សៀម​ឲ្យ​គ្រប​គ្រង​ខែត្រ​បស្ចិម និង​នគររាជសីមា​ហើយ ចែក​រង្វាន់​លើក​ទឹកចិត្ត​ដល់​ពួក​អ្នក​អង់អាច​ក្លាហាន​រួចមក ទ្រង់​ចេញ​បញ្ជា​ឲ្យ​នាំ​ប្រជារាស្ត្រ​ដែល​រស់​នៅ​ក្នុង​រាជធានី​ទាំង​អស់ យក​ទៅ​ស្រុក​សៀម ដោយ​យក​ទ្រព្យសម្បត្តិ​ក្នុង​រាជវាំង​ជា​មាស​ប្រាក់ ជា​របស់​មាន​តម្លៃ​ផ្សេងៗ ដូចជា​កន្ទេល​មាស កន្ទេល​ប្រាក់ សេះ ដំរី រាជរថ ជាដើម​ទៅ​ជាមួយ​ផង ។

ចៅ​បាសាធ ទ្រង់​បាន​តែងតាំង​ចៅហ្វាយ​ខែត្រ​សៀម និង​ខ្មែរ​ឲ្យ​រៀបចំ​ការដឹកនាំ​ខែត្រ​ឡើងវិញ ហើយ​ឲ្យ​ទៅ​បង្ក្រាប​ខែត្រ​ដែល​មិន​ទាន់​ទទួល​យល់ព្រម​ចំណុះ ។ ចៅហ្វាយ​ខែត្រ​ទាំងអស់​នោះ អាច​រៀបចំ​បាន​តែ​បណ្ដា​ខែត្រ​ជិតៗ​រាជធានី​ប៉ុណ្ណោះ ឯ​ខែត្រ​ឆ្ងាយៗ​នៅ ខាង​កើត ខាង​ជើង និង​ខាង​ត្បូង​មិន​ព្រម​ចំណុះ​ទេ ។ ចៅហ្វាយ​ខែត្រ​ទាំងនោះ ប្រកាស​ឯករាជ្យ ហើយ​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើ​ចោរកម្ម និង​ចម្បាំង​រវាង​គ្នា​នឹង​គ្នា ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់​ក្នុង​ទុរភិក្ស​យ៉ាង​ធ្ងន់ធ្ងរ… ។

អត្ថបទ​ខាងលើ ខ្ញុំ​ដកស្រង់​ស្ទើរទាំងស្រុង​ពី​សៀវភៅ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា របស់ អាដេម៉ារ ឡឺក្លែរ ដោយសារ​​ព្រឹត្តិការណ៍​នេះ​មិន​សូវ​មាន​ខុស​គ្នា​ប៉ុន្មាន​​ពី​ពង្សាវតារ និង​សៀវភៅ​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ទៀត ណា​មួយ ការរៀបរាប់​របស់​គាត់ ណែងណង និង​គួរ​ឲ្យ​ជក់ចិត្ត​ចង់​អាន​ខ្លាំង​ណាស់ ។

ក្នុង​អត្ថបទ​ក្រោយ ខ្ញុំ​នឹង​រៀបរាប់​ពី​ដំណើររឿង​បន្ត​ពី​នេះ​ទៅ​ទៀត។

By ilovekhmer
Published: July 23, 2009

Currently have 0 comments:

Leave a Reply

Post a Comment