Latest News

ការផ្លាស់ប្ដូរ​ឈ្មោះ​ប្រទេស​ពី សៀម មក ថៃ

Friday, July 24, 2009 , Posted by Koun Khmer at 4:40 AM

By ilovekhmer.org
Published: July 24, 2009
Posted in: Thai History

ប្រទេស​សៀម បាន​ប្ដូរ​ឈ្មោះ​មក​ថៃ នៅ​ថ្ងៃ​ទី​១១ មិថុនា ១៩៣៩ និង​ប្ដូរ​មក​សៀម​វិញ នៅ​ឆ្នាំ ១៩៤៥ រហូត​ដល់​ថ្ងៃទី ១១ ឧសភា ១៩៤៩ ទើប​ប្ដូរ​មក​ថៃ​វិញ ។

គេ​មិន​ដឹង​ថា​ពាក្យ​សៀម​មាន​ន័យ​យ៉ាងណា ឬ​បាន​មក​ពី​ណា​ទេ តែ​មាន​អ្នក​ខ្លះ​ថា​ជា​ពាក្យ​សំស្ក្រឹត ដែល​មាន​ន័យ​ថា ខ្មៅ ឬ ងងឹត ។

ការពិភាក្សា​រវាង​ក្រសួង​ការពារជាតិ​របស់​សៀម និង​នាយករដ្ឋមន្ត្រី​សៀម ប៉. ភិបូលសុងក្រាម ឬ ផ្លែក វិបុលសង្គ្រាម បាន​លើក​​​ឡើង​​ដូច​ខាងក្រោម ៖

1. ឈ្មោះ “សៀម” មិន​សក្ដិសម​នឹង​​សញ្ជាតិ​​ថៃ ។
2. ឈ្មោះ “សៀម” មិន​សក្ដិសម​នឹង​ជនជាតិ​ថៃ ។
3. សៀម​ជា​ឈ្មោះ​ខែត្រ​មួយ​របស់ ខម (ខ្មែរ) ដែល​គ្រប់គ្រង​ពួក​ថៃ លុះ​ព្រះ​រោង ទទួល​បាន​ឯករាជ្យ​ពី​ខ្មែរ ឈ្មោះ​សៀម​នេះ ត្រូវ​បាន​គេ​ឈប់​ប្រើ​រួច​ទៅ​ហើយ ។
4. ពាក្យ​ “សៀម” ប្រើ​សម្រាប់​តែ​ការសរសេរ មិន​ប្រើ​ក្នុង​ការនិយាយ ។
5. ជនជាតិ​​ថៃ​អស្ចារ្យ គួរតែ​ដាក់​ឈ្មោះ​មួយ​ឲ្យ​សក្ដិសម​ទៅ​នឹង​កិត្យានុភាព​របស់​​ប្រជាជាតិ​ថៃ ។

ដោយ​ការ​លើកឡើង​ខាងលើ​សក្កិសម និង​មាន​ការបំផុស​បំផុល​ឲ្យ​ជនជាតិ​ថៃ​ចេះ​ស្រឡាញ់​ជាតិ​ខ្លួនឯង​ផង ។ ឈ្មោះ​ថៃ​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ប្រើ​ទូទាំង​ប្រទេស ​តែ​​គណបក្ស​សេរី​ថៃ​មិន​គាំទ្រ​ឈ្មោះ​ថ្មី​នេះ​ ដោយ​យល់​ថា ជា​ការកែប្រែ​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ធំធេង ។ គ្រប់​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជិតខាង ឬ​ប្រទេស​ឆ្ងាយៗ​ក្ដី សុទ្ធតែ​ប្រើ​ឈ្មោះ សៀម ដូច្នេះ​គេ​គួរតែ​ប្រើ​ឈ្មោះ​សៀម​ដដែល​ទើប​ជា​ការប្រសើរ ។

ឆ្នាំ ១៩៤៤ គណបក្ស​សេរី​ថៃ ទទួល​បាន​ការគាំទ្រ​ជាង វិបុលសង្គ្រាម និង​បាន​ឡើង​កាន់​អំណាច ។ ខាង​គណបក្ស​សេរីថៃ ដែល​មិន​គាំទ្រ​នឹង​ការកែប្រែ​ឈ្មោះ​ប្រទេស​នេះ បាន​ប្ដូរ​ទៅ​ឈ្មោះ សៀម ដូច​ដើម​វិញ ។

រហូត​ដល់​ឆ្នាំ ១៩៤៧ ក្រោយ​ការឡើង​កាន់​អំណាច​ជា​បន្តបន្ទាប់​មក​ជា​ច្រើន​នាក់ វិបុលសង្គ្រាម បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​ម្ដង​ទៀត និង​​បាន​ប្ដូរ​ឈ្មោះ​​​ប្រទេស​ពី​សៀម​ទៅ​ថៃ​វិញ​តាម​ដែល​ខ្លួន​ប្រាថ្នា ។

ក្រោយ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី វិបុលសង្គ្រាម គេ​បាន​គិតគូរ​ឈ្មោះ​របស់​ប្រទេស​ជា​ថ្មី​ម្ដង​ទៀត ដោយ​​ធ្វើការ​បោះឆ្នោត​រវាង​ឈ្មោះ “ថៃ” និង “សៀម” ។ អ្នក​ដែល​បោះឆ្នោត​ឲ្យ​ឈ្មោះ​ថៃ​បាន ១៣៤​សំឡេង ចំណែក “សៀម” បាន​តែ ៥​សំឡេង​ប៉ុណ្ណោះ ។

នៅ​មាន​ការទាមទារ​ឲ្យ​ដូរ​ឈ្មោះ​ទៅ​សៀម​វិញ​ម្ដង​ទៀត​ពី​អ្នក​ចេះដឹង​សៀម ​មួយ​ក្រុម តែ​នៅ​ពេល​ដែល​ស្ដេច រាមាទី​៩ ឡើង​សោយរាជ្យ ទ្រង់​បាន​ហៅ​ខ្លួន​ទ្រង់​ថា ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ ។ ចាប់​ពី​ពេល​នោះ​មក ប្រទេស​សៀម បាន​ដូរ​ឈ្មោះ​មក​ប្រទេស​ថៃ​លុះ​សព្វថ្ងៃ ។

ងាក​មក​​អត្ថន័យ​ឈ្មោះ “សៀម” ដែល​ជា​ឈ្មោះ​អតីត​របស់​ប្រទេសថៃ​ក្នុង​ផ្នត់​គំនិត​របស់​​ខ្មែរ​មួយ​ចំនួន ​យល់​ថា ពួក​សៀម ជា​មនុស្ស​មួយ​ក្រុម​​ចុះ​មក​ពី​ប្រទេស​ចិន​ភាគ​ខាងត្បូង ឬ​ចិន​អាណាម (ចិន + អាណាម) ​មក​រស់​នៅ​លើ​ទឹកដី​កម្ពុជា ។ ពួក​នេះ​ជា​ពួក​ចោរព្រៃ ដែល​ត្រូវ​ពួក​ចិន​វាយ​រត់​រក​កន្លែង​ជ្រក​កោណ​គ្មាន ក៏​ធ្វើ​ដំណើរ​មក​ដល់​អាណាចក្រ​ខ្មែរ និង​សុំ​ជ្រកកោណ​លើ​ទឹកដី​ខ្មែរ រហូត​ដល់​ពួក​នេះ​មាន​អំណាច មាន​ឥទ្ធិពល​ខ្លាំង ក៏​ចាប់ផ្ដើម​វាយ​ដណ្ដើម​យក​ទឹកដី​ខ្មែរ និង​រស់​នៅ​រហូត​ដល់​សព្វថ្ងៃ​នេះ ។

ទាក់ទង​នឹង​ការដូរ​ឈ្មោះ ​គេ​យល់​ថា ដោយសារ​ពួក​នេះ​យល់​ច្បាស់ ថា​ឈ្មោះ​សៀម​មិន​ល្អ ឬ​ពួក​សៀម​ជា​ចោរព្រៃ ​ប្លន់​ទឹកដី និង​ម្យ៉ាង​ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ទៀត​ផង ។

មួយ​ចំនួន​ទៀត យល់​ថា ក្រោយ​ពី​សៀម​មាន​ទំនាក់​ទំនង​ជាមួយ​ពួក​អឺរ៉ុប ពួក​នេះ​ក៏​ប្ដូរ​ឈ្មោះ​ប្រទេស​របស់​ខ្លួន​ឲ្យ​ដូច​នឹង​ប្រទេស​នៅ​អឺរ៉ុប ដូច​ឃើញ​ស្រាប់ មាន​ប្រទេស England, Holland, Poland, Ireland ជា​ដើម ដែល​ភាគច្រើន​ប្រើ​ជាមួយ​ពាក្យ Land ​នៅ ខាង​ចុង​ដូច្នេះ ថៃ​ក៏​ប្រើ​ពាក្យ Thailand តាម​លំនាំ​អឺរ៉ុប​ដែរ ។

ចំពោះ​ពាក្យ Thailand ឬ​ថៃ​នេះ គេ​ពុំ​ដឹង​អត្ថន័យ​ និង​​ប្រភព​របស់​ពាក្យ​នេះ​ច្បាស់​លាស់​ទេ ប៉ុន្តែ​គេ​​ជឿ​​ថា​ពាក្យ ថៃ (ថៃយ) មក​ពី​ពាក្យ តៃ (ថៃ) ដែល​ក្នុង​ភាសា​ថៃ​មានន៏យ​ថា “សេរី” តែ​មាន​អ្នក​ប្រាជ្ញ​ថៃ​ម្នាក់​ជំទាស់ ថា​ពាក្យ តៃ មានន័យ​ថា “មនុស្ស” ទើប​ត្រឹមត្រូវ ។ ទោះជា​យ៉ាង​ណា គេ​បាន​យក​ន័យ​ថា​ សេរី និង​បាន​​ហៅ​ប្រទេស​ខ្លួន​ថា “ប្រទេស​ដែល​មាន​សេរីភាព” (Thailand = Land of the free) ដោយសារ​​មោទនភាព​ដែល​ប្រទេស​នេះ​រួចផុត​ពី​នឹមត្រួតត្រា​របស់​ពួក​អឺរ៉ុប​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ។

បើ​សង្កេត​មើល​ឈ្មោះ​ប្រទេស​ទាំងឡាយ​នៅ​អាស៊ីអាគ្នេយ៍ ឃើញ​ថា​មាន​តែ​ប្រទេស​ថៃ​នេះ​ទេ​ដែល​មាន​ឈ្មោះ​ប្លែក​ពី​គេ ហើយ​សម​តែ​ជា​ឈ្មោះ​ប្រទេស​ដែល​នៅ​ប៉ែក​​ខាង​អឺរ៉ុប​​ឯណោះ​ទៅ​វិញ ។

សរុប​មក ការដូរ​ឈ្មោះ​ពី​សៀម​មក​ថៃ ដោយសារ​មូលហេតុ​ដូច​បាន​រៀបរាប់​ខាងលើ គឺ​ឈ្មោះ​សៀម ធ្លាប់​ជា​ឈ្មោះ​ខែត្រ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​ខ្មែរ​ពី​មុន ។ ​ជាតិ​នេះ​មោទនភាព​ចំពោះ​ជាតិ​របស់​ខ្លួន ដោយ​យល់​ថា​ជាតិ​ខ្លួន​ខ្ពង់ខ្ពស់​ជាង​ជាតិ​ដទៃ ហេតុនេះ​​ឈ្មោះ​ សៀម ​មិន​សក្ដិសម​នឹង​ប្រជាជាតិ​របស់​ខ្លួន​ប្រើ​ឡើយ ។ ចំណែក​ឈ្មោះ​ក្រោយ​ដែល​គេ​ជ្រើស គឺ​ជា​ឈ្មោះ​យក​លំនាំ​តាម​អឺរ៉ុប ។ ប្រទេស​នៅ​អឺរ៉ុប​ជឿនលឿន យក​ឈ្មោះ​តាម​លំនាំ​ពួក​អឺរ៉ុប​​ពិត​ជា​សក្ដិសម​តាម​ការចង់បាន​របស់​ពួក​គេ ។

Currently have 0 comments:

Leave a Reply

Post a Comment